ប្រទេសរុស្ស៊ី បានប្រកាសថា ការដោះដូរអ្នកទោសជុំមួយទៀត ជាមួយអ៊ុយក្រែន បានកើតឡើងនៅព្រឹកថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយមានទាហានចំនួន ១៨៥នាក់ បានវិលត្រឡប់មកវិញ សម្រាប់ភាគីម្ខាងៗ។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានសម្របសម្រួលឲ្យមានការដោះដូរអ្នកទោសសង្គ្រាម ឬឈ្លើយសឹកនេះ។ ក្រសួងបានបន្ថែមថា ទាហានរុស្ស៊ីបច្ចុប្បន្ន កំពុងស្ថិតនៅប្រទេសបេឡារុស ហើយស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Yana Lantratova កំពុងធ្វើការជាមួយពួកគេ។
ក្រសួងបានបញ្ជាក់ទៀតថា៖ «ទាហានដែលត្រូវបានដោះលែង កំពុងស្ថិតនៅប្រទេសបេឡារុស ជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែកផ្លូវចិត្ត និងវេជ្ជសាស្ត្រ។ បន្ទាប់មក ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី ដើម្បីទទួលការព្យាបាល និងការស្តារនីតិសម្បទា»។
អ៊ុយក្រែនមិនបានធ្វើការអត្ថាធិប្បាយអ្វីភ្លាមៗឡើយ ជុំវិញការដោះដូរនេះ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើននាក់ បានឲ្យដឹងថា ការរៀបចំសម្រាប់ការដោះដូរ បានចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕