បើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានបាញ់ព្រមានដោយប្រើមីស៊ីល និងយានដ្រូនទៅកាន់នាវាពិឃាតអាមេរិកដែលកំពុងប្រតិបត្តិការ នៅសមុទ្រអូម៉ង់ ដោយបង្ខំឲ្យនាវាទាំងនេះចាកចេញពីតំបន់នោះ។
ការិយាល័យទំនាក់ទំនងសាធារណៈរបស់កងទ័ព បានឲ្យដឹងថា ចំណាត់ការនេះ គឺជាផ្នែកនៃប្រតិបត្តិការកំពុងបន្តមាន ដែលត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការបង្កហេតុរបស់សហរដ្ឋអាមេរិក នៅសមុទ្រនេះ និងការរឹបអូសនាវាពាណិជ្ជកម្ម និងដឹកប្រេងរបស់អ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកអ៊ីរ៉ង់ បានបាញ់ព្រមានដោយប្រើមីស៊ីល Qadir និងយានដ្រូនវាយប្រហារ Shahed Danesh ទៅកាន់នាវាពិឃាត DDG-103 និង DDG-87។ កងទ័ពបានអះអាងថា បន្ទាប់មក នាវាទាំងនេះបានចាកចេញពីសមុទ្រអូម៉ង់ ហើយឆ្ពោះទៅមហាសមុទ្រឥណ្ឌា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការនេះ រួមជាមួយនឹងវិធានការស្រដៀងគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក៏បានបង្ខំឲ្យធនធានកងទ័ពជើងទឹកអាមេរិកផ្សេងទៀតចាកចេញពីតំបន់នោះផងដែរ ក្នុងនោះរួមទាំងនាវាពិឃាតដែលប្រតិបត្តិការជាផ្នែកនៃក្រុមវាយប្រហារលើនាវាផ្ទុកយន្តហោះ USS George H.W. Bush និងនាវាវាយប្រហារ Tripoli។
អ៊ីរ៉ង់បានចោទប្រកាន់កងកម្លាំងកងទ័ពជើងទឹកអាមេរិកថា បានរំខានដល់ពាណិជ្ជកម្ម និងសន្តិសុខតាមសមុទ្រ នៅក្នុងតំបន់នេះ៕