បញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (INDOPACOM) របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះថា កងកម្លាំងអាមេរិកបានធ្វើប្រតិបត្តិការទប់ស្កាត់តាមផ្លូវសមុទ្រ និងបានឡើងលើនាវា «ជាប់ទណ្ឌកម្មដែលមិនមែនជារបស់រដ្ឋណា» នៅមហាសមុទ្រឥណ្ឌា។
INDOPACOM បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា កងកម្លាំងអាមេរិក បានអនុវត្ត «ការទប់ស្កាត់តាមផ្លូវសមុទ្រ និងបានឡើងដោយស្របតាមច្បាប់អន្តរជាតិ» លើនាវា MT DAVINA ដែលមានទីតាំងនៅមហាសមុទ្រឥណ្ឌា ក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋាននេះ។
បញ្ជាការដ្ឋានបានបន្តថា ប្រតិបត្តិការនេះបានកើតឡើង នាពេលយប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងទំនិញ ក្រុមនាវិក ឬគោលដៅរបស់នាវានេះឡើយ។ INDOPACOM បានបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីរំខានដល់បណ្តាញផ្លូវសមុទ្រខុសច្បាប់ និងអនុវត្តទណ្ឌកម្ម។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀតថា៖ «យើងនឹងបន្តអនុវត្តច្បាប់ផ្លូវសមុទ្រសកល ដើម្បីរំខានដល់បណ្តាញខុសច្បាប់ និងហាមឃាត់នាវាដែលផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់អ៊ីរ៉ង់ មិនថា ពួកគេធ្វើប្រតិបត្តិការនៅទីណាក៏ដោយ»។
បញ្ជាការដ្ឋានបានសង្កត់ធ្ងន់ថា នាវាដែលត្រូវបានដាក់ទណ្ឌកម្ម និងអ្នកប្រព្រឹត្តិ នឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដែនទឹកអន្តរជាតិ ដើម្បីគេចពីវិធានការអនុវត្តច្បាប់ឡើយ៕