អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចភិភាក្សាព្រាងក្របខ័ណ្ឌសហប្រតិបត្តិការសន្តិសុខថ្មី ដើម្បីជំនួសអនុស្សរណៈនៃការយោគយល់គ្នា (MoU) បច្ចុប្បន្ន ស្តីពីជំនួយយោធារបស់សហរដ្ឋអាមេរិក ដែលនឹងផុតកំណត់នៅឆ្នាំ២០២៨។
ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះថា មាន «កិច្ចពិភាក្សាជាផ្លូវការ ស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការសន្តិសុខថ្មី ដើម្បីជំនួសអនុស្សរណៈនៃការយោគយល់គ្នា ដែលមានស្រាប់»។ ក្រសួងបានឲ្យដឹងបន្តថា៖ «ទីប្រឹក្សាក្រសួងការបរទេស លោក Daniel Holler និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee នឹងដឹកនាំក្រុមរបស់សហរដ្ឋអាមេរិក»។
ក្រសួងបានឲ្យដឹងថា៖ «ភាគីទាំង២ បានធ្វើកិច្ចប្រជុំផ្លូវការលើកដំបូង នៅសប្តាហ៍នេះ។ ការជួបជុំបន្ថែមទៀត ត្រូវបានគ្រោងទុក នៅក្នុងប្រទេសទាំង២ នៅក្នុងសប្តាហ៍ខាងមុខ។ កិច្ចព្រមព្រៀងដែលកំពុងពិភាក្សា មានគោលបំណងពង្រឹងគុណភាពយោធារបស់យោធាអ៊ីស្រាអែល។
ទីក្រុងវ៉ាស៊ីនតោន បានប្រាប់នៅមុននេះថា អនុស្សរណៈនៃការយោគយល់គ្នាបន្ទាប់ នឹងផ្លាស់ប្តូរពីជំនួយប្រពៃណីទៅអ៊ីស្រាអែល ហើយផ្តល់អាទិភាពដល់ពាណិជ្ជកម្ម។
គួរបញ្ជាក់ថា អ៊ីស្រាអែលទទួលបានជំនួយយោធាប្រមាណ ៣,៨ពាន់លានដុល្លាររៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិក។ ហើយប្រទេសនេះបានទទួលជំនួយយោធាបន្ថែមរាប់ពាន់លានដុល្លារ បន្ទាប់ពីមានសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា រួមជាមួយទាំងនៅក្នុងប្រទេសលីបង់ និងអ៊ីរ៉ង់៕