ប្រធានាធិបតីរ៉ូម៉ានីលោក Nicusor Dan និយាយនៅថ្ងៃសុក្រនេះថា លោកបានទាក់ទងជាមួយអ៊ុយក្រែន ក្រោយយានដ្រូនកងទ័ពជើងទឹក បានផ្ទុះដោយខ្លួនឯង នៅកំពង់ផែសមុទ្រខ្មៅ Constanta របស់រ៉ូម៉ានី ស្ថិតនៅជិតចំណតប្រេង ដោយពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍ផ្ទុះនេះ គឺជាឧបទ្ទេវហេតុលើកទី ២ហើយ នៅតំបន់មានមនុស្សរស់នៅច្រើនកុះករ រយៈពេល ១សប្តាហ៍ប៉ុណ្នោះ ក្រោយការគំហែងកំហែងកើនឡើងពីសង្រ្គាមនៅអ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងការវាយលុករបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២រហូតមក ។
ក្រុមមន្រ្តីរ៉ូម៉ានី ពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេថាតើ យានដ្រូននេះ មានប្រភពមកពីអ៊ុយក្រែន ឬរុស្ស៊ី ។
ដោយឡែក ក្រុមអាជ្ញាធរនៅអ៊ុយក្រែន ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះដែរ ខណៈស្ថានទូតរុស្ស៊ីនៅប្រទេសរ៉ូម៉ានី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានដ្រូននេះ គឺជារបស់កងទ័ពជើងទឹកអ៊ុយក្រែន ៕