នៅថ្ងៃសុក្រនេះ អង្គការសហប្រជាជាតិ(UN) បានបង្កើនការអំពាវនាវរបស់ពួកគេទ្វេដង ដែលត្រូវការដើម្បីជួយលីបង់ឲ្យឈានដល់តម្រូវការមនុស្សធម៌ហក់ឡើងខ្ពស់ ស្របពេលដែលសង្រ្គាមឈានចូលដល់ខែទី ៤ ។
លីបង់ បានធ្លាក់ចូលក្នុងសង្រ្គាមក្នុងតំបន់ទ្រង់ទ្រាយធំកាលពីដើមខែមីនា ពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ផ្លោងគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ ដែលស្ថិតក្រោមការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្ខំឲ្យអ៊ីស្រាអែលចុះយុទ្ធនាការតាមច្រកអាកាស និងតាមជើងគោក ។
លោក Imran Riza គឺជាអ្នកសម្របសម្រួលមនុស្សធម៌របស់ UN និយាយថា ក្នុងរយៈពេល ៣ខែកន្លងមកនេះ តំបន់សហគមន៍នៅទូទាំងប្រទេសលីបង់ ប្រឈមនឹងស្ថានភាពគួរឲ្យរន្ធត់ ដោយសារអរិភាពកើនឡើង ។ ចំនួនមនុស្សស្លាប់កាន់តែច្រើនឡើង ពី ១ថ្ងៃទៅ ១ថ្ងៃ ។
UN និយាយថា ពួកគេនឹងធ្វើការអំពាវនាវសុំជំនួយថ្មីជាមួយរដ្ឋាភិបាលលីបង់ ដើម្បីស្វែងរកប្រាក់ ៣៣១,៥លានដុល្លារបន្ថែមទៀត ដើម្បីជួយពលរដ្ឋ ១,៤លាននាក់ ធ្វើឲ្យការអំពាវនាវសុំថវិកាសរុបរបស់ពួកគេកើនឡើងដល់ ៦៣៩,៩លានដុល្លារ ។ ពួកគេទទួលបានប្រាក់ ១៨៥,៩លានដុល្លារមកទល់នឹងថ្ងៃទី ៣១ ខែឧសភាកន្លងទៅ ៕