អ្នកថែរក្សាសន្តិភាពជនជាតិស៊ែប៊ីម្នាក់របស់អង្គការសហប្រជាជាតិ(UN) បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយសាររបួសទទួលរង ពេលគ្រាប់កាំភ្លើងត្បាល់ធ្លាក់លើទីតាំងឈរជើងរបស់លោកស្ថិតនៅជិតទីក្រុង Marjayoun នៅភាគខាងត្បូងប្រទេសលីបង់ ដែលជាអ្នកថែរក្សាសន្តិភាពទី ៧ ត្រូវបានសម្លាប់នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីខែមីនារហូតមក ។
UN និយាយថា អ្នកថែរក្សាសន្តិភាព ២នាក់ទៀត របស់កងកម្លាំង UNIFIL បានរងរបួសផងដែរ នៅក្នុងឧបទ្ទេវហេតុមួយនេះ ដែលអ្នកថែរក្សាសន្តិភាពម្នាក់មកពីប្រទេសអែល សាល់វ៉ាឌ័រ និងម្នាក់ទៀត មកពីប្រទេសអេស្ប៉ាញ ។
គួរឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលពេញមួយយប់នៅទីក្រុង Tyre ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស ៧នាក់ បើទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាក៏ដោយ ។
ការវាយប្រហារមួយនៅជិតមន្ទីរពេទ្យ Jabal Amel បានសម្លាប់មនុស្ស ៤នាក់ ហើយមនុស្ស ៧នាក់ផ្សេងទៀត រងរបួស និងខូចខាតស្រាលដល់មន្ទីរពេទ្យ ខណៈដែលការវាយប្រហារមួយទៀតនៅក្នុងទីក្រុងតែមួយ បានសម្លាប់មនុស្ស ៣ នាក់ និងមនុស្ស ៥នាក់ រងរបួស រួមទាំងកុមារ ២ នាក់ផងដែរ ។
យោធាអ៊ីស្រាអែលបានព្រមានប្រជាជននៅភូមិចំនួន ៣ ស្ថិតនៅភាគខាងជើងទន្លេ Litani ភាគខាងត្បូងប្រទេសលីបង់ឲ្យជម្លៀសចេញនៅថ្ងៃសុក្រនេះ មុនពេលការវាយប្រហារដែលរំពឹងទុកប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា អរិភាពរវាងក្រុមចលនាហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល បានចាប់ឆេះឡើងវិញនៅលីបង់ កាលពីថ្ងៃទី ២ ខែមីនាកន្លងទៅ ៕