មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានយល់ព្រមលើកលែងទោស ឬបន្ធូរបន្ថយទោសដល់អ្នកទោសជាង ២.000នាក់ ក្នុងឱកាសថ្ងៃបុណ្យសាសនា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mizan របស់ស្ថាប័នតុលាការអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។
របាយការណ៍បានឲ្យដឹងថា ការលើកលែងទោសនេះ ត្រូវបានផ្តល់ឲ្យដើម្បីអបអរសាទរថ្ងៃបុណ្យសាសនាសំខាន់ៗពីរ គឺ Eid al-Adha និង Eid al-Ghadir តាមសំណើរបស់ប្រធានតុលាការអ៊ីរ៉ង់ លោក Gholamhossein Mohseni-Ejei ដែលបានដាក់ជូនបញ្ជីឈ្មោះអ្នកដែលមានសិទ្ធិទទួលបានវា។
សារព័ត៌មាន Mizan បានដកស្រង់សម្តីអនុប្រធានតុលាការអ៊ីរ៉ង់ លោក Ali Mozaffariដែលបាននិយាយថា ការលើកលែងទោសនេះ មិនអនុវត្តចំពោះបុគ្គលដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសន្តិសុខ ចារកម្ម សកម្មភាពប្រឆាំងនឹងសន្តិសុខផ្ទៃក្នុង និងខាងក្រៅរបស់ប្រទេសនេះ និងបុគ្គលដែលបានគំរាមកំហែងដល់សន្តិសុខសាធារណៈរបស់សង្គមទេ។
លោកមេដឹកនាំកំពូលអ៊ីរ៉ង់ផ្តល់ការលើកលែងទោសជាប្រចាំដល់អ្នកទោសក្នុងឱកាសពិសេសៗ តាមសិទ្ធិដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានផ្តល់ឲ្យលោក៕