ការិយាល័យរដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃសុក្រថា បារាំងបានបើកការស៊ើបអង្កេតលើ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ការធ្វើទារុណកម្ម» ដែលត្រូវបានចោទប្រកាន់ថា ជាការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនបារាំង ដែលបានចូលរួមក្នុងកងនាវាជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។
ការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្មជាតិ (PNAT) បាននិយាយថា ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើង តាមសំណើរបស់រដ្ឋាភិបាល បន្ទាប់ពីសកម្មជនបានចោទប្រកាន់អាជ្ញាធរអ៊ីស្រាអែលពីបទធ្វើទុក្ខបុកម្នេញ ក្នុងអំឡុងពេលឃុំខ្លួនពួកគេកាលពីខែមុន។
អ៊ីស្រាអែលបានឃាត់ខ្លួនសកម្មជនជាង ៤៣០ នាក់ មកពីប្រទេសនានាជុំវិញពិភពលោក បន្ទាប់ពីបានស្ទាក់ចាប់ពួកគេ ក្នុងដែនទឹកអន្តរជាតិ នៅថ្ងៃទី ១៨ ខែឧសភា ខណៈដែលពួកគេបានធ្វើការប៉ុនប៉ងចុងក្រោយបំផុត ក្នុងការទម្លាយការបិទផ្លូវទឹកដីប៉ាឡេស្ទីន។
រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Itamar Ben Gvir បានបង្កឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ បន្ទាប់ពីលោកបានបង្ហោះវីដេអូចំអកឲ្យសកម្មជនកងនាវាមនុស្សធម៌ទាំងនោះ ខណៈពេលដែលពួកគេ ត្រូវបានចាប់ចងនោះ៕