ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars កាលពីថ្ងៃសុក្រ បានបដិសេធរបាយការណ៍មួយចេញផ្សាយដោយបណ្តាញសារព័ត៌មាន Al Arabiya ដែលគ្រប់គ្រងដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា ទីក្រុងតេអេរ៉ង់បានយល់ព្រមប្រគល់អ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់ខ្លួនទៅឲ្យប្រទេសទី ៣។
ដោយដកស្រង់ប្រភពព័ត៌មានដែលជិតស្និទ្ធនឹងក្រុមចរចាអ៊ីរ៉ង់ Fars បាននិយាយថា បញ្ហានុយក្លេអ៊ែរមិនមែនជារបៀបវារៈបច្ចុប្បន្ននៃការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលមានគោលបំណងបញ្ចប់សង្គ្រាមនោះទេ ហើយនឹងត្រូវបានពិភាក្សាតែនៅដំណាក់កាលក្រោយៗទៀត។
ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍មុនមួយដែលថា អ៊ីរ៉ង់បានជូនដំណឹងដល់ប្រទេសប៉ាគីស្ថានអំពីការទទួលយករបស់ខ្លួន ក្នុងការប្រគល់ផ្នែកខ្លះនៃអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់ខ្លួនទៅឲ្យប្រទេសទី៣។
ប្រភពព័ត៌មាននេះ បានសង្កត់ធ្ងន់ថា ការប្រគល់បែបនេះ មិនត្រូវបានពិភាក្សាទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការ «ជាក់ស្តែងនិងច្បាស់លាស់» មុនពេល «កិច្ចព្រមព្រៀងចុងក្រោយលើបញ្ហាជាមូលដ្ឋានមួយចំនួន» អាចសម្រេចបាន៕