នាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin បានបញ្ជាក់នៅថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Jim O'Callaghan បានដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich មិនឲ្យចូលប្រទេសនេះ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ លោក Martin បានធ្វើការកត់សម្គាល់នៅឯកិច្ចប្រជុំកំពូល EU-តំបន់បាល់កង់ខាងលិច នៅទីក្រុង Tivat ប្រទេសម៉ុងតេណេហ្គ្រោ ជាកន្លែងដែលលោកបានរិះគន់សកម្មភាព និងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអ៊ីស្រាអែលទាំងពីររូប ដោយនិយាយថា ពួកគេ គឺស្មើនឹងបំណងប្រាថ្នាចង់ឃើញការលុបបំបាត់ប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ។
លោក Martin ក៏បាននិយាយផងដែរថា លោកជឿថា វិធានការបន្ថែមទៀត គួរតែត្រូវបានអនុវត្តប្រឆាំងនឹងពួកគេ នៅកម្រិតសហភាពអឺរ៉ុប។
លោកបាននិយាយថា៖«តាមទស្សនៈរបស់ខ្ញុំ អាកប្បកិរិយារបស់ពួកគេ ក៏បង្ហាញពីភាពត្រឹមត្រូវនៃទណ្ឌកម្មនៅកម្រិតសហភាពអឺរ៉ុបផងដែរ» ដោយបន្ថែមថា អៀរឡង់ នឹងលើកឡើងពីបញ្ហានេះជាមួយដៃគូអឺរ៉ុបរបស់ខ្លួន៕