ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃអាទិត្យ ៧ មិថុនានេះ ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា កូរ៉េខាងជើងនឹងមិនដើរថយក្រោយពីឋានៈរបស់ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែរឡើយ ដោយព្រមានថា ខ្លួននឹងមិនអត់ធ្មត់ចំពោះការគំរាមកំហែងណាមួយឡើយ។

ប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារដើមសប្ដាហ៍ក្រោយនេះ សម្រាប់កិច្ចប្រជុំកំពូលមួយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិតប្រាំពីរឆ្នាំ ខណៈទីក្រុងប៉េកាំងសម្លឹងមើលការពង្រឹងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាផ្លូវការតែមួយគត់របស់ប្រទេសចិន។

លោកស្រី Kim Yo Jong បានហៅការអះអាងធ្វើឡើងដោយសហរដ្ឋអាមេរិកថា លោក Xi និងប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់អំពីគោលដៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរក្នុងអំឡុងពេលកិច្ចប្រជុំកំពូលខែឧសភាថ្មីៗថា "មិនពិត" ដោយបន្ថែមថា ខ្លួនមាន "ព័ត៌មានត្រឹមត្រូវបំផុត" ទាក់ទងនឹងការអះអាងនេះ។
លោកស្រីបាននិយាយថា គោលនយោបាយនៃការបន្តពង្រឹងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរស្វ័យការពារ ដូចដែលបានប្រកាសដោយប្រមុខរដ្ឋ គឺជាសេចក្តីសន្និដ្ឋានដែលមិនអាចកែប្រែវិញបាន និងចុងក្រោយបំផុត ដែលត្រូវតែអនុវត្តដោយគ្មានលក្ខខណ្ឌ៕
