ក្រុមស្វែងរក និងជួយសង្គ្រោះនៅក្នុងប្រទេសឡាវបានបញ្ឈប់ការស្វែងរកបុរសពីរនាក់ដែលជាប់ នៅក្នុងរូងភ្នំ ត្រូវបានលិចទឹកជម្រៅពាក់កណ្តាល ។

ការស្វែងរកត្រូវបានបញ្ឈប់កាលពីថ្ងៃសៅរ៍ ៦ មិថុនា មួយសប្តាហ៍បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញបុរសប្រាំនាក់ផ្សេងទៀតដែលជាប់នៅក្នុងរូងភ្នំកាលពីថ្ងៃទី២០ ខែឧសភាថ្មីៗនេះ ខណៈពួកគេកំពុងបរបាញ់សត្វប្រចៀវជាអាហារ និងស្វែងរកមាសនៅក្នុងតំបន់នោះ។

បុរសម្នាក់ត្រូវបានអ្នកមុជទឹកស្រង់ចេញកាលពីថ្ងៃទី ២៩ ខែឧសភា ហើយបន្ទាប់មកមនុស្សបួននាក់ទៀត ត្រូវបាននាំចេញ ក្រោយពីទឹកត្រូវបានបូមចេញពីរូងភ្នំដែលលិចទឹកនោះ។
ទោះបីជាមានការស្វែងរកយ៉ាងយកចិត្តទុកដាក់ដោយក្រុមក្នុងស្រុក និងអន្តរជាតិមកពីប្រទេសហ្វាំងឡង់ បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជប៉ុន និងអូស្ត្រាលីក៏ដោយ ក៏បុរសពីរនាក់ដែលនៅសល់មិនទាន់អាចរកឃើញដែរ។
លោក Lee Kian Lie អ្នកជំនាញមុជទឹករូងភ្នំមកពីប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃប្រតិបត្តិការជួយសង្គ្រោះនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទឹកនៅក្នុងរូងភ្នំអាចគ្រប់គ្រងបានរួចហើយ ប៉ុន្តែច្រកចូលរូងភ្នំចាប់ផ្តើមមានស្ថានភាពមិនស្ថិតស្ថេរ៕