ក្រុមមន្ត្រីបាននិយាយថា អ៊ុយក្រែនបានវាយប្រហារដោយយានដ្រូនរាប់រយគ្រឿងទៅលើប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃសៅរ៍ ដោយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងឆេះបំផ្លាញឃ្លាំងប្រេងមួយកន្លែងនៅថ្ងៃចុងក្រោយនៃវេទិកាសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះនៅទីក្រុង សេនភីធើស្បើក (St. Petersburg)។

យានដ្រូនជាច្រើនគ្រឿងបានដាក់គោលដៅទីក្រុង សេនភីធើស្បើក ដែលជាការវាយប្រហារលើកទីពីររបស់អ៊ុយក្រែនលើទីក្រុងនេះក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដោយសេវាសន្តិសុខ SBU របស់អ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានកងទ័ពជើងទឹក។

ទីក្រុងមូស្គូ និងទីក្រុងគីវបានបង្កើនការវាយប្រហារដោយយានដ្រូនទៅលើគ្នាទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈកិច្ចខិតខំប្រឹងប្រែងការទូតដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទីប្រាំរបស់ខ្លួន នៅតែជាប់គាំង និងរំខានដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។

ការវាយប្រហារទាំងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបដិសេធសំណើរបស់សមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy សម្រាប់កិច្ចប្រជុំមួយ ដែលទទួលបានការរិះគន់ពីលោក Zelenskyy ដោយចោទប្រកាន់លោក Putin ថា កំពុងជ្រើសរើសសង្គ្រាមម្តងទៀត។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់យានដ្រូន សរុបចំនួន ៣៧៦ គ្រឿងលើតំបន់ Belgorod, Bryansk, Kaluga, Kursk, Leningrad, Novgorod, Oryol, Pskov, Rostov, Ryazan, Smolensk, Tver និង Tula តំបន់ក្រុងមូស្គូ សាធារណរដ្ឋ Crimea សាធារណរដ្ឋ Abkhazia និងលើដែនទឹកនៃសមុទ្រ Azov និងសមុទ្រខ្មៅ របស់រុស្ស៊ី៕