ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាឱ្យជម្លៀសប្រជាជននៅតំបន់ភាគខាងជើងដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិនៅថ្ងៃចន្ទ៨មិថុនានេះ បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងក្នុងប្រទេសហ្វីលីពីន។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់បំផុត នៅរដ្ឋធានី Manado របស់ខេត្ត North Sulawesi ខេត្ត Gorontalo ភាគខាងជើង និងកោះ Sangihe ត្រូវបានណែនាំឱ្យប្រជាពលរដ្ឋ ជម្លៀសចេញជាបន្ទាន់ទៅកាន់តំបន់ខ្ពស់ៗដែលមានសុវត្ថិភាព។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា ការរញ្ជួយដីនេះបានធ្វើឲ្យអ្នកស្រុកមានអារម្មណ៍ភ័យខ្លាចតិចតួចនៅក្នុងតំបន់ដែលរងផលប៉ះពាល់រយៈពេលពីរទៅបីវិនាទី ហើយស្ថានភាពនៅលើដីគឺ «មានសុវត្ថិភាព ស្ងប់ស្ងាត់ និងស្ថិតក្រោមការគ្រប់គ្រង» សម្រាប់ពេលនេះ។

អ្នកនាំពាក្យលោក Abdul Muhari បាននិយាយថា សាធារណជនត្រូវបានជំរុញកុំឱ្យភ័យស្លន់ស្លោ ត្រូវផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ក្រុមមនុស្សងាយរងគ្រោះដូចជាមនុស្សចាស់ ជនពិការ និងកុមារ និងត្រូវអនុវត្តតាមការណែនាំជាផ្លូវការជានិច្ច៕