ប្រទេសឥណ្ឌូនេស៊ី បានលុបចោលការព្រមាន អំពីរលកយក្សស៊ូណាមិ នៅនថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីបានបញ្ជាឲ្យជម្លៀសប្រជាជននៅតំបន់ភាគខាងជើងដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

យោងតាមគេហទំព័ររបស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានឲ្យដឹងថា ការព្រមានអំពីរលកយក្សស៊ូណាមិ «បានបញ្ចប់ហើយ« បន្ទាប់ពីត្រូវបានចេញ ៤ម៉ោងកន្លះ។ ទីភ្នាក់ងារនេះបានកត់ត្រារលកយក្សស៊ូណាមិតូចៗ នៅក្នុងទីតាំងយ៉ាងហោចណាស់ ៩កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយខ្ពស់បំផុតត្រូវបានកត់ត្រានៅកម្ដស់ ០,៧៥ម៉ែត្រ នៅកោះ Sangihe។

រីឯទីភ្នាក់ងារឧតុនិយមម៉ាឡេស៊ី (MetMalaysia) នៅថ្ងៃនេះ ក៏បានលុបចោលការជូនដំណឹងអំពីរលកយក្សស៊ូណាមិដូចគ្នាដែរ ដែលត្រូវបានចេញបន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លានៅហ្វីលីពីននេះ ដោយបញ្ចប់ការតាមដានពិនិត្យជាច្រើនម៉ោង ក្រោយអាជ្ញាធរបានកំណត់ថា មិនមានការគំរាមកំហែងដល់ប្រទេសម៉ាឡេស៊ីទៀតឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃត្រង់ តាមពេលវេលាម៉ោងក្នុងស្រុក ស្ថាប័នឧតុនិយមមួយនេះបានបញ្ជាក់ថា ការជូនដំណឹង ដែលត្រូវបានចេញនៅម៉ោង ៨:៣៦នាទីព្រឹក ត្រូវបានបញ្ចប់ហើយ។
ស្ថាប័ន MetMalaysia ក៏បានបន្ថែមផងដែរថា ការជូនដំណឹងនេះនឹងក្លាយជាការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ជុំវិញហេតុការណ៍នេះ ប្រសិនបើមិនមានការវិវត្តអ្វីថ្មីបន្ថែមទៀតទេនោះ។

គួរបញ្ជាក់ថា ការព្រមាននេះត្រូវបានចេញបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅជិតកោះ Mindanao នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន នាព្រឹកព្រលឹមថ្ងៃនេះ ដែលជំរុញឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ហើយមនុស្សមួយចំនួនស្លាប់ និងរបួស ក៏ដូចជាការជូនដំណឹងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៕