យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់ប្រទេសបានឲ្យដឹងថា អ៊ីរ៉ង់កំពុងព្រាងនិយ័តកម្មដើម្បីឲ្យនាវាបង់សេវាសម្រាប់ការឆ្លងកាត់នៅច្រកសមុទ្រ Hormuz ដើម្បីទទួលបានសន្តិសុខសមុទ្រ និងសេវាបរិស្ថាន ។ ដោយដកស្រង់សម្តី លោកស្រី Shina Ansari អនុប្រធានាធិបតីអ៊ីរ៉ង់និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ទីភ្នាក់ងារបានរាយការណ៍ថា សេចក្តីព្រាងបឋម ត្រូវបានបញ្ចប់កាលពីពេលពេលថ្មីៗនេះ ទោះបីជាអត្រាថ្លៃសេវា និងយន្តការប្រមូលប្រាក់ជាក់លាក់នៅមិនទាន់ត្រូវបានកំណត់ក៏ដោយ។

សេចក្តីព្រាងនិយ័តកម្ម នឹងត្រូវបានបញ្ជូនសម្រាប់ការពិនិត្យឡើងវិញផ្ទៃក្នុង និងការអនុម័តដោយក្រសួងបរិស្ថានអ៊ីរ៉ង់ មុនពេលត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធសម្រាប់នីតិវិធីផ្លូវច្បាប់ជាបន្តបន្ទាប់។ លោកស្រី Ansari និយាយថា វិធានការដែលបានស្នើឡើងនេះ លើសពីថ្លៃសេវាបរិស្ថាន ហើយវាក៏គ្របដណ្តប់លើការគាំទ្រផ្លូវសមុទ្រ សេវាសន្តិសុខ និងសេវាបរិស្ថានដែលផ្តល់ដោយរដ្ឋឆ្នេរសមុទ្រដល់នាវាដែលឆ្លងកាត់។

អនុប្រធានាធិបតីរូបនេះបាននិយាយថា ច្រកសមុទ្រHormuz ស្ថិតនៅក្នុងដែនទឹក និងអំណាចផ្លូវច្បាប់នៃដែនអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ ហើយរដ្ឋជាប់ឆ្នេរសមុទ្រមានសិទ្ធិទាមទារថ្លៃសេវាសមស្របសម្រាប់សេវានានាដែលត្រូវបានផ្តល់ក្នុងការរក្សាសុវត្ថិភាពនាវាចរណ៍ សន្តិសុខតំបន់ និងការការពារបរិស្ថាន។