លោក ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយនៅពីថ្ងៃចន្ទ (ទី៨ ខែមិថុនា)នេះ នៅក្នុងការអត្ថាធិប្បាយមួយ ដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសជិតខាងនេះ មុនពេលលោកទៅដល់ទីក្រុងព្យុងយ៉ាងសម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយលោកមេដឹកនាំ គីម ជុងអ៊ុន ថា ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង កំពុងស្ថិតនៅ «ចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី»។

លោក ស៊ី បាននិយាយនៅក្នុងកាសែត Rodong Sinmun មុនពេលដំណើរទស្សនកិច្ចមួយ ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ពីព្រោះវាជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកនៅឆ្នាំនេះថា គោលនយោបាយដ៏រឹងមាំរបស់ចិន គឺការអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរ នឹងពង្រឹងការផ្លាស់ប្តូរទស្សនៈគ្នាលើគ្រប់វិស័យ។
លោក ស៊ី បានបន្ថែមថា៖«យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង និងការសមគំនិតគ្នាទាំងអស់ ដើម្បីស្តារឡើងវិញនូវលទ្ធិយោធានិយម ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
លោក ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាជាមួយលោក គីម ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល ៧ឆ្នាំ ទៅកាន់ប្រទេសជិតខាងរបស់ចិន នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានពង្រឹងដោយទំនាក់ទំនងពាណិជ្ជកម្ម និងយោធាកាន់តែកើនឡើងជាមួយប្រទេសរុស្ស៊ី អាចជំរុញទំនុកចិត្តរបស់លោក គីម ក្នុងកិច្ចពិភាក្សានេះ៕
