ប្រទេសអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានវាយប្រហារគោលដៅយោធា នៅភាគខាងលិច និងភាគកណ្តាលរបស់អ៊ីរ៉ង់ នាថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយប្រតិបត្តិការនេះនៅតែកើតឡើង បើទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឲ្យចៀសវាងការវាយប្រហារបន្ថែមទៀតក៏ដោយ។
កាលពីថ្ងៃទី៧ ខែមិថុនា លោក Trump បាននិយាយថា ការវាយប្រហារថ្មីដោយអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងមិនប៉ះពាល់ដល់កិច្ចចរចាសន្តិភាពរបស់រដ្ឋបាលលោកជាមួយទីក្រុងតេអេរ៉ង់ទេ ដោយបន្ថែមថា លោក Netanyahu «មិនមែនអ្នកសម្រេចចិត្ត» នោះទេ។

លោក Trump បានជំរុញយ៉ាងខ្លាំងឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសលីបង់ ដែលអាចបើកឱកាសឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយជាមួយអ៊ីរ៉ង់ ដោយក្នុងនោះរួមមានទាំងការស្តីបន្ទោស ចំពោះលោក Netanyahu ជាមួយពាក្យសម្ដីអសុរោះ អំឡុងការជជែកតាមទូរស័ព្ទ កាលពីសប្តាហ៍មុនផងដែរ។
តែអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែមិថុនា បានចាប់ផ្តើមការវាយប្រហារនៅក្នុងតំបន់បេរូតជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសពីផែនការឈប់បាញ់ សម្រាប់ប្រទេសលីបង់កាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅអ៊ីស្រាអែល ដើម្បីសងសឹក ដែលធ្វើឲ្យកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិតក្នុងហានិភ័យ។
យ៉ាងណាក្ដី លោក Trump បានទទូចថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយនៅតែអាចនឹងកើតមាន។ លោក Trump បានប្រាប់សារព័ត៌មាន Financial Times ថា៖ «វា (ការវាយប្រហារ) នឹងមិនមានផលប៉ះពាល់អ្វីដល់កិច្ចព្រមព្រៀងនោះទេ។ ខ្ញុំជាអ្នកសម្រេចចិត្ត។ ខ្ញុំជាអ្នកសម្រេចចិត្តទាំងអស់។ គាត់ (លោក Netanyahu) មិនជាអ្នកសម្រេចចិត្តនោះទេ»៕


