កាលពីថ្ងៃអាទិត្យ (ទី៧ ខែមិថុនា ឆ្នាំ២០២៦) អ៊ីស្រាអែលបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានប្រព្រឹត្តនូវ «កំហុសធ្ងន់ធ្ងរ» បន្ទាប់ពីរាយការណ៍ថា ខ្លួនបានរងការបាញ់មីស៊ីលជាច្រើនលើកច្រើនសារ ពីអ៊ីរ៉ង់ ដែលជាការវាយប្រហារលើកដំបូង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសនៅថ្ងៃទី៨ ខែមេសា សម្រាប់សង្គ្រាមមជ្ឈិមបូព៌ា។
យោងតាមយោធា បានឲ្យដឹងថា សំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាស បានបន្លឺឡើងនៅទូទាំងតំបន់ធំៗនៃភាគខាងជើង និងភាគកណ្តាលអ៊ីស្រាអែល ក្នុងនោះរួមទាំងទីក្រុង Haifa, Caesarea និង Hadera ផងដែរ។ យោធាបានឲ្យដឹងថា ក្រោយមក មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Eyal Zamir បានប្ដេជ្ញាថា យោធានឹង «វាយប្រហារសត្រូវដោយកម្លាំងភ្លាមៗ នៅពេលដែលមានការអនុញ្ញាត»។ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដែលត្រូវចេញផ្សាយក្នុងរយៈពេលដ៏ខ្លី យោធាបានឲ្យដឹងថា ខ្លួនបានប្រទះឃើញមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយមីស៊ីលទាំងអស់ត្រូវបានស្ទាក់ចាប់។ ដោយបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានលម្អិត យោធាបានបញ្ជាក់ថា មីស៊ីលសរុបចំនួន ១១គ្រាប់ ត្រូវបានបាញ់ចេញពីអ៊ីរ៉ង់។

យ៉ាងណាក្ដី សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom បានឲ្យដឹងថា មិនមានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសដោយសារមីស៊ីលនេះនៅឡើយទេ ប៉ុន្តែមនុស្សមួយចំនួន បានរងរបួស ខណៈពេលកំពុងប្រញាប់ប្រញាល់រត់ទៅកាន់ទីជម្រកសុវត្ថិភាព។
ចំណែកទីក្រុងតេអេរ៉ង់បានប្រាប់ថា ការបាញ់មីស៊ីលទាំងនេះ ត្រូវបានធ្វើឡើងទុកជា «ការព្រមាន» បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីព្រឹកព្រលឹមថ្ងៃនោះ ដោយបន្ថែមថា ការឈ្លានពានបន្ថែមទៀត នឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតប «កាន់តែទូលំទូលាយ» ប្រឆាំងនឹងគោលដៅទាំងអស់របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនៅក្នុងតំបន់៕


