ក្រុមប្រទេសផលិតប្រេងដែលមានឥទ្ធិពល ដែលគេស្គាល់ថា ជា OPEC+ កាលពីថ្ងៃអាទិត្យ (ទី៧ ខែមិថុនា ឆ្នាំ២០២៦) បានយល់ព្រមបង្កើនការផលិតចំនួន ១៨៨.០០០បារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែកក្កដា ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពិបាកឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង។

ចំណាត់ការនេះ គឺជាការសន្យាចុងក្រោយបំផុត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមនេះ ដើម្បីបង្កើនទិន្នផល។ តាមធម្មតា ការបង្កើនដោយក្រុមប្រទេសរបស់ប្លុក OPEC+ នឹងជួយជំរុញឲ្យតម្លៃប្រេងធ្លាក់ចុះ។ ប៉ុន្តែការបិទច្រកសមុទ្រប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យការផ្គត់ផ្គង់ប្រេងប្រចាំថ្ងៃរបស់ពិភពលោកភាគច្រើនជាប់គាំង ដែលធ្វើឲ្យការបង្កើនការផលិតនេះភាគច្រើនជានិមិត្តរូប។
សម្ព័ន្ធប្រទេសផលិតប្រេងនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសនានានឹងបន្តតាមដាន និងវាយតម្លៃស្ថានភាពទីផ្សារយ៉ាងដិតដល់» ហើយបានកត់សម្គាល់ពី «សារៈសំខាន់នៃការអនុម័តវិធីសាស្រ្តប្រុងប្រយ័ត្ន»។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយ ដែលធ្វើឡើងពីចម្ងាយ ដោយក្រុមប្រទេស OPEC+ ដែលរួមមានអាល់ហ្សេរី អ៊ីរ៉ាក់ កាហ្សាក់ស្ថាន គុយវ៉ែត អូម៉ង់ រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត៕

