ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលទៅដល់កូរ៉េខាងជើង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចមួយ ដែលមានគោលបំណងបញ្ជាក់ពីឥទ្ធិពលរបស់ទីក្រុងប៉េកាំង លើប្រទេសជិតខាងដែលមិនញញើតក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងមានសម្ព័ន្ធភាពកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងភរិយារបស់លោក គឺលោកស្រី រី សូលជូ (Ri Sol Ju) បានស្វាគមន៍លោក ស៊ី ដោយផ្ទាល់ នៅពេលដែលលោកបានទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ។ បន្ទាប់មក មេដឹកនាំទាំង២ បានបន្តដំណើរទៅកាន់ទីលានគីម អ៊ីលស៊ុង (Kim Il Sung) សម្រាប់ពិធីស្វាគមន៍ជាផ្លូវការ ដែលមានការបាញ់កាំភ្លើងធំគំនាប់ចំនួន ២១ណាត់ និងបដា ២ភាសា ដែលប្រកាសពីមិត្តភាព «មិនអាចបំបែកបាន»។

ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ក្នុងរយៈពេល ៧ឆ្នាំ ហើយកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបានទទួលប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់។
ទិដ្ឋភាពនេះ នឹងបង្ហាញពីអំណះអំណាងរបស់លោក ដែលថា ប្រទេសចិនបម្រើជាកម្លាំងស្ថិរភាពដែលមានសមត្ថភាពចូលរួមជាមួយគ្រប់ភាគីទាំងអស់ នៅពេលដែលការបែកបាក់ខាងភូមិសាស្ត្រនយោបាយ កំពុងមានកាន់តែធំឡើងៗ នៅទូទាំងពិភពលោក។ ផ្ទុយទៅវិញ លោក Trump បានធ្វើឲ្យសម្ព័ន្ធមិត្តឃ្លាតឆ្ងាយ និងធ្វើឲ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់ជាមួយនឹងសង្គ្រាមរបស់លោកលើអ៊ីរ៉ង់ និងដោយសារការបង្កើនរបាំងពាណិជ្ជកម្ម។
មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ប្អូនស្រីរបស់លោក គីម គឺលោកស្រី គីម យ៉ូជុង (Kim Yo Jong) បាននិយាយថា កម្មវិធីអាវុធបរមាណូរបស់ប្រទេសនេះ គឺ «មិនអាចចរចាបានឡើយ» ហើយថា «មន្ត្រីនៅសហរដ្ឋអាមេរិក នៅតែមិនភ្ញាក់ពីសុបិន និងភាពហួសសម័យរបស់ពួកគេ» ដោយផ្ញើសារច្បាស់លាស់ អំពីខ្សែបន្ទាត់ក្រហមរបស់កូរ៉េខាងជើង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ៕
