នៅព្រឹកថ្ងៃចន្ទនេះ សាលារៀនគ្មានសិស្សនោះទេក្នុងទីក្រុងហ្សេរុយសាឡឹម និងទីក្រុង Haifa ស្របពេលដែលអ្នកស្រុកនៅទីក្រុងតែល អាវីវ ស្វែងរកទីជម្រក បន្ទាប់ពីការប្រកាសអាសន្នពាក់ព័ន្ធនឹងភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់ ។
បើទោះបីជាមានការរំខានបែបនេះក្តី ពលរដ្ឋអ៊ីស្រាអែលនិយាយថា ជម្លោះម្តងហើយម្តងទៀតបានក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ ដោយពួកគេបង្ហាញជំនឿចិត្តលើសមត្ថភាពរបស់ប្រទេសពួកគេ ក្នុងការទប់ទល់ជាមួយនឹងការកើនឡើងភាពតានតឹងបន្ថែមទៀត ។
ពលរដ្ឋមួយចំនួននិយាយថា ជម្លោះនេះត្រូវការកើតឡើង ហើយវាគឺជាបញ្ហារបស់អ៊ីស្រាអែលជាមួយនឹងការសម្រេចចិត្តរបស់អ៊ីស្រាអែល មិនមែនជាការសម្រេចចិត្តរបស់អាមេរិកនោះទេ ។
ភាពតានតឹងនេះដែរ បានកើតឡើងក្រោយអ៊ីស្រាអែល និយាយថា ពួកគេវាយប្រហារគោលដៅយោធានៅតំបន់ភាគខាងលិច និងតំបន់ភាគកណ្តាលអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។
កាលពីរយៈពេលប៉ុន្មានម៉ោងមុននេះ លោក Trumpនិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ពុំប៉ះពាល់ដល់កិច្ចប្រជុំស្វែងរកសន្តិភាពរបស់រដ្ឋបាលលោកនោះឡើយ ជាមួយទីក្រុងតេអេរ៉ង់ ។
គួរឲ្យដឹងថា លោក Trumpបានងាកទៅរកអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅលីបង់ ដើម្បីអនុញ្ញាតឲ្យមានចម្លោះ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់ រួមទាំងបានស្តីបន្ទោសលោកNetanyahu ដោយពាក្យអសុរោះទៀតផង នៅក្នុងការជជែកគ្នាតាមទូរស័ព្ទកាលពីសប្តាហ៍មុន ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែលបើកការវាយប្រហារលើទីក្រុងបេរូត ជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិកប្រកាសផែនការឈប់បាញ់សម្រាប់លីបង់កាលពីសប្តាហ៍មុន ។
អ៊ីរ៉ង់ បានបើកការវាយប្រហារមីស៊ីលលើគោលដៅអ៊ីស្រាអែល ជាការសងសឹក ធ្វើឲ្យកិច្ចប្រជុំសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ថិតក្នុងហានិភ័យ ប៉ុន្តែលោក Trump និយាយយ៉ាងទទួចថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមទ្រង់ទ្រាយធំ ជិតសម្រេចបានហើយ ៕

