ពលរដ្ឋលីបង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុងបេរូត នាថ្ងៃចន្ទនេះថា ពួកគេសង្ឃឹមថា ការកើនឡើងភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងត្រូវបញ្ចប់ ក្រោយប្រទេសទាំង ២ វាយប្រហារគ្នាទៅវិញទៅមក ។
លោក Ali Ballout គឺជាពលរដ្ឋលីបង់វ័យ ៤២ឆ្នាំម្នាក់ មកពីតំបន់ភាគខាងត្បូងប្រទេសលីបង់និយាយថា ពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើងកាលពីថ្ងៃម្សិលមិញ ពិតណាស់ថាពួកយើងសង្ឃឹមថា ស្ថានភាពទាំងមូលនឹងត្រូវស្ងប់ស្ងាត់ ហើយនិងត្រូវបញ្ចប់ ហើយមិនត្រូវមានការកើនឡើងភាពតានតឹងបន្ថែមទៀតនោះទេពីភាគីណាមួយ មិនត្រូវមានការផ្លោងគ្រាប់កាំភ្លើងធំបន្ថែមទៀតនោះឡើយ មិនត្រូវមានការវាយប្រហារបន្ថែមទៀតនោះទេ ពីព្រោះថា វានឹងនំាឲ្យមានការបំផ្លិចបំផ្លាញ ការស្លាប់មនុស្ស ហើយច្បាស់ណាស់ថា ពុំមាននរណាម្នាក់ចង់ស្លាប់នោះទេ នោះហើយគឺជាហេតុផលដែលពួកយើងសង្ឃឹមថា សង្រ្គាមមួយនេះនឹងត្រូវបញ្ចប់ ។

អ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅតំបន់ភាគនិរតីអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារកន្លែងផ្សេងទៀតលើគោលដៅយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។ លោក Trumpនិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ពុំប៉ះពាល់ដល់កិច្ចប្រជុំស្វែងរកសន្តិភាពរបស់រដ្ឋបាលលោកនោះឡើយ ជាមួយទីក្រុងតេអេរ៉ង់ ។
ចំណែកឯកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) បានដាក់ការស្តីបន្ទោសហដ្ឋអាមេរិក សម្រាប់ការវាយប្រហារគ្នាចុងក្រោយនេះជាមួយអ៊ីស្រាអែល ហើយពួកគេនិយាយថា ការវាយប្រហារបន្ថែមទៀតលើគោលដៅថាមពល និងមិនមែនយោធា នឹងមានផលវិបាកដល់សេដ្ឋកិច្ចសកល ។ ពួកគេនិយាយថា នៅក្នុងការសងសឹកនេះ ពួកគេបានវាយប្រហារមីស៊ីលលើរោងចក្រស្រដៀងគ្នានៅក្នុងទីក្រុង Haifa របស់អ៊ីស្រាអែល ។
សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមកិច្ចប្រជុំ អ៊ីស្រាអែលបន្តវាយប្រហារលើលីបង់ នៅក្នុងជម្លោះជាមួយក្រុមហេសបូឡា ដែលក្រុមមន្រ្តីអ៊ីស្រាអែលនិយាយថា គួរចាត់ទុកថាជារឿងដាច់ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ និយាយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិក ផ្អែកលើបទឈប់បាញ់ដែលរូមបញ្ចូលនៅលីបង់ផងដែរ ៕
