ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋមជ្ឈមណ្ឌលកសិកម្ម Punjab របស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងបញ្ហាជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយនិងកង្វះខាតជីកសិកម្មដែលបង្កឡើងដោយសារការបង្អាក់ការផ្គត់ផ្គង់ បន្ទាប់ពីជម្លោះនៅអ៊ីរ៉ង់ ។
ប្រទេសឥណ្ឌាដែលពឹងផ្អែកតំបន់មជ្ឈិមបូព៌ាសម្រាប់ការនាំចូលឧស្ម័នធម្មជាតិរាវប្រហែល ៥០ភាគរយនោះ បានរងផលប៉ះពាល់ដោយសារតម្លៃសកលហក់ឡើងខ្ពស់លើជីកសិកម្ម និងអត្រាដឹកជញ្ជូន ។
តំបន់មជ្ឈិមបូព៌ាស្មើនឹងពាក់កណ្តាលនៃការនាំចូលសារធាតុឌីអាម៉ូញ៉ូម ផូស្វាត ក្នុងនោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសផ្គត់ផ្គង់ធំជាងគេបំផុត។
កសិករដែលនាំគ្នាតវ៉ា ត្រូវបានគេមើលឃើញដុតរូបសំណាករបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ។

ក្រុមមេដឹកនាំកសិករនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់វិស័យកសិកម្ម ។ ពួកគេបន្តថា រដ្ឋាភិបាលកំពុងបន្តគោលនយោបាយដែលលំអៀងលើសាជីវកម្មធំៗ ជាជាងកសិករ និងសាធារណជន ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងឥណ្ឌា បានឈានដល់ការយោគយល់ដំបូងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកុម្ភៈ ប៉ុន្តែកិច្ចចរចា មានការយឺតយ៉ាង ក្រោយវិធានការបោសសម្អាតពន្ធរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានធ្វើឲ្យគ្មានសុពលភាពដោយតុលាការកំពូលសហរដ្ឋអាមេរិក ៕
