ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងមូស្គូ ត្រូវបានដកស្រង់សម្តីនៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែលបាននិយាយថា ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកចំហ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌថ្មីដែលកំណត់ដោយប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ក្នុងនោះរួមទាំងការបង់ថ្លៃឆ្លងកាត់ផងដែរ។
សង្គ្រាម រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានធ្វើឲ្យលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រនេះថយចុះ ដែលមុនពេលមានជម្លោះ ប្រេង ១ភាគ៥ របស់ពិភពលោកបានឆ្លងកាត់។ នាវាដឹកប្រេងជាច្រើនគ្រឿងបានចាកចេញពីឈូងសមុទ្រនាពេលថ្មីៗនេះ ប៉ុន្តែលំហូរប្រេង និងឧស្ម័នធម្មជាតិរាវ នៅតែត្រូវបានរឹតត្បិតយ៉ាងខ្លាំង។
ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនានេះ ឯកអគ្គរដ្ឋទូត លោក Kazem Jalali បានប្រាប់សារព័ត៌មាន Izvestia នៅរុស្ស៊ីថា៖ «ជាការពិតណាស់ ច្រកសមុទ្រនេះ នឹងត្រូវបានបើក ប៉ុន្តែមានលក្ខខណ្ឌថ្មីដែលត្រូវកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់ និងអូម៉ង់»។

ដោយមិនបានពន្យល់លម្អិតឲ្យបានច្បាស់លាស់ លោកបានបន្ថែមថា៖ «យើងយល់ថា អ៊ីរ៉ង់ និងអូម៉ង់ត្រូវផ្តល់សេវាកម្មមួយចំនួន ទាក់ទងនឹងច្រកសមុទ្រនេះ។ ហើយការបង់ថ្លៃឆ្លងកាត់ នឹងត្រូវបានគិត សម្រាប់សេវាកម្មទាំងនោះ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ គួរតែអនុញ្ញាតឲ្យខ្លួនទាមទារថ្លៃសេវា សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ ដែលតម្លៃនឹងប្រែប្រួល អាស្រ័យលើប្រភេទនាវា ទំនិញរបស់វា និងលក្ខខណ្ឌបច្ចុប្បន្ន។ ជំហរនោះត្រូវបានជំទាស់យ៉ាងខ្លាំងដោយប្រធានាធិបតីអាមេរិក លោក Donald Trump៕

