ទិន្នន័យហោះហើរ Flightradar ឃើញលំហរអាកាសទទេស្អាតនៅពីលើប្រទេសអ៊ីរ៉ង់ ស៊ីរី និងប្រទេសអ៊ីរ៉ាក់នាព្រឹកថ្ងៃចន្ទនេះ ក្រោយការបិទដែនអាកាសបណ្តោះអាសន្ន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA រាយការណ៍ អ៊ីរ៉ង់ បានផ្អាកការហោះហើរទាំងអស់នៅអាកាសយានដ្ឋាន Mehrabad ស្ថិតក្នុងទីក្រុងតេអេរ៉ង់ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ។
ប្រទេសស៊ីរី បានបិទដែនអាកាសភាគខាងត្បូងរបស់ខ្លួនបណ្តោះអាសន្នផងដែរ សម្រាប់រយៈពេល ១២ម៉ោង ហើយនិងបញ្ឈប់ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានក្រុងដាម៉ាស ។
ចំណែកឯប្រទេសអ៊ីរ៉ាក់ បានបិទដែនអាកាសរបស់ខ្លួនដូចគ្នា ហើយនិងផ្អាកការធ្វើចរាចរណ៍លើដែនអាកាសទាំងអស់ សម្រាប់ហេតុផលសុវត្ថិភាព បន្ទាប់ពីការវាយប្រហារដោយរ៉ុក្កែតរបស់អ៊ីរ៉ង់ ក្នុងនោះអាជ្ញាធរអាកាសចរណ៍ស៊ីវិល និយាយថា ការបិទនេះ នឹងមានរយៈពេល ៧២ម៉ោង ។

អ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅតំបន់ភាគនិរតីអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារកន្លែងផ្សេងទៀតលើគោលដៅយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។
ដោយឡែក កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) បានដាក់ការស្តីបន្ទោសហដ្ឋអាមេរិក សម្រាប់ការវាយប្រហារគ្នាចុងក្រោយនេះជាមួយអ៊ីស្រាអែល ហើយពួកគេនិយាយថា ការវាយប្រហារបន្ថែមទៀតលើគោលដៅថាមពល និងមិនមែនយោធា នឹងមានផលវិបាកដល់សេដ្ឋកិច្ចសកល ។ ពួកគេនិយាយថា នៅក្នុងការសងសឹកនេះ ពួកគេបានវាយប្រហារមីស៊ីលលើរោងចក្រស្រដៀងគ្នានៅក្នុងទីក្រុង Haifa របស់អ៊ីស្រាអែល ៕
