ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនាថ្ងៃចន្ទនេះថា វិស័យការទូត ត្រូវការ ដើម្បីការពារសង្រ្គាមជាមួយអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែលវាយប្រហារលើគោលដៅយោធាប្រទេសមួយនេះ ។
អ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅតំបន់ភាគនិរតីអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារកន្លែងផ្សេងទៀតលើគោលដៅយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។ វាគឺជាការវាយប្រហារលើកដំបូងលើទីតាំងថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី ៨ ខែមេសា ។

លោកស្រី Kallas និយាយមុនជំនួបរបស់រដ្ឋមន្រ្តីការពារជាតិ EUនៅប្រទេសស៊ីបថា ត្រូវតែមានដំណោះស្រាយផ្នែកការទូត ហើយពួកគេ ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែចូលរួមតុចរចា ។
លោកស្រីបន្តថា ត្រូវតែមានបទឈប់បាញ់ ហើយនិងបើកច្រកសមុទ្រ Hormuzឡើងវិញ ហើយកិច្ចពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបន្តតាមក្រោយ ។
សូមបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេសអឺរ៉ុប នឹងជួបជុំគ្នានៅទីក្រុង Nicosia ប្រទេសស៊ីប ដើម្បីពិភាក្សាលើការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន យុទ្ធសាស្រ្តសន្តិសុខអឺរ៉ុប និងសន្តិសុខនាវាចរណ៍ រួមទាំងបេសកកម្មកងទ័ពជើងទឹក Aspides ផងដែរ ៕
