យោងតាមទូរទស្សន៍ Channel 12 បានឲ្យដឹងថា អ៊ីស្រាអែលបានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបានស្ទាក់ចាប់មីស៊ីល ១គ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន។
កងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលនោះ បន្ទាប់ពីសំឡេងស៊ីរ៉ែនបានបន្លឺឡើងពាសពេញតំបន់ Tel Aviv ក៏ដូចជាផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ បញ្ជាការដ្ឋានរណសិរ្សមាតុភូមិអ៊ីស្រាអែល នៅមុននេះបានចេញការព្រមាន បន្ទាប់ពីបានប្រទះឃើញការបាញ់មីស៊ីល។

ទូរទស្សន៍ Channel 12 ក្រោយមកបានរាយការណ៍ថា អាជ្ញាធរអ៊ីស្រាអែល បានសម្រេចបិទដែនអាកាសរបស់ប្រទេសជាបណ្តោះអាសន្ន បន្ទាប់ពីមាននូវហេតុការណ៍នេះ។
សភាពការណ៍វិវត្តន៍នេះបានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងៗ ក្រោយអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីមានការវាយប្រហារពីលើអាកាសរបស់អ៊ីស្រាអែល នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut។
ក្រោយមក អ៊ីស្រាអែលបានបើកការវាយប្រហារ នៅភាគខាងលិច និងភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់ ដោយការផ្ទុះជាច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុងអ៊ីរ៉ង់ជាច្រើន ក្នុងនោះរួមមានទាំងទីក្រុង Tehran, Isfahan និង Tabriz ផងដែរ៕

