មន្រ្តីសាលាក្រុងនិយាយថា នៅថ្ងៃចន្ទនេះ ទីក្រុង Utsunomiya ប្រទេសជប៉ុន បានផ្អាកការសិក្សានៅតាមសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យចំនួន ៩៤កន្លែង ក្រោយប្រទះឃើញសត្វខ្លាឃ្មុំជាលើកដំបូងពុំធ្លាប់ដែលមានកាលពីមុនមក ។

ទីក្រុងមានពលរដ្ឋរស់នៅកន្លះលាននាក់នេះ និងមានចម្ងាយប្រហែល ១០០គ.ម ភាគខាងជើងទីក្រុងតូក្យូ និយាយថា សត្វខ្លាឃ្មុំ ត្រូវបានគេប្រទះឃើញជាលើកដំបូងពុំធ្លាប់ដែលមានកាលពីមុន នៅតំបន់រស់នៅរបស់អ្នកស្រុក ស្ថិតនៅជិតសួនកម្សាន្តមួយកន្លែងកាលពីល្ងាចថ្ងៃសៅរ៍ ។
កាមេរ៉ាសុវត្ថិភាពនៅផ្លូវដើរផ្សារដ៏សំខាន់មួយកន្លែងរបស់ទីក្រុង Utsunomiya ឃើញសត្វខ្លាឃ្មុំមួយក្បាលដើរកាត់អ្នកឈរមើលដ៏គួរឲ្យភ្ញាក់ផ្អើល ២នាក់ កាលពីព្រឹកថ្ងៃអាទិត្យ ។
គួរឲ្យដឹងថា ការវាយប្រហាររបស់សត្វខ្លាឃ្មុំ រួមទាំងនៅតាមតំបន់ជនបទ បានកើនឡើងនៅក្នុងប្រទេសជប៉ុន បង្ខំឲ្យរដ្ឋាភិបាលបង្កើតក្រុមការងារក្នុងឆ្នាំនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ។
កាលពីសប្តាហ៍មុន ការវាយប្រហាររបស់សត្វខ្លាឃ្មុំមួយក្បាលនៅទីក្រុងភាគឦសាន Fukushima បណ្តាលឲ្យមនុស្សយ៉ាងហោច ៤នាក់ រងរបួស ហើយក្រុមអាជ្ញាធរពុំទាន់អាចចាប់វាបាននៅឡើយនោះទេ ៕
