តាមរយៈការបង្ហោះមួយលើបណ្ដាញសង្គម Truth Social នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ថា «ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការ «ការវាយប្រហារ» ជាបន្ទាន់។

អ៊ីស្រាអែល នៅមុននេះបានឲ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយកន្លែង នៅភាគនិរតីអ៊ីរ៉ង់ រួមជាមួយនឹងការវាយប្រហារនៅកន្លែងផ្សេងទៀត លើគោលដៅយោធា បន្ទាប់ពីលោក Trump ត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឲ្យចៀសវាងការវាយប្រហារបន្ថែមទៀត។
យ៉ាងណាក្ដី អ៊ីរ៉ង់ និងអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានបើកការវាយប្រហារលើទឹកដីរបស់គ្នាទៅវិញទៅមកជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ដ៏រង្គោះរង្គើ បានផ្អាកសង្គ្រាមរយៈពេល ៥សប្តាហ៍ ជាការចាប់ផ្ដើមឡើងវិញដែលបង្កឲ្យមានការភ័យខ្លាចថា ការកើនឡើងនូវភាពតានតឹងនេះអាចបង្កឲ្យផ្ទុះជម្លោះទ្រង់ទ្រាយធំថ្មីមួយ។
អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែលពេញមួយយប់ ហើយអ៊ីស្រាអែលបានឆ្លើយតបដោយកំណត់គោលដៅទីតាំងយោធា នៅក្នុងសាធារណរដ្ឋឥស្លាម ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហាក់ដូចជាប្រឆាំងនឹងការអំពាវនាវរបស់សម្ព័ន្ធមិត្តរបស់លោក គឺលោក Trump ដែលត្រូវការឲ្យអត់ធ្មត់។
ការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់បានកើតឡើង បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល លើគោលដៅរបស់ក្រុមហេបូឡានៅលីបង់ ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។ អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងវាយប្រហារអ៊ីស្រាអែល ប្រសិនបើរដ្ឋធានីលីបង់ត្រូវបានកំណត់គោលដៅ៕


