មន្ត្រីបាននិយាយថា ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងជួបជាមួយប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានមកដល់ទីក្រុងអ៊ីស្តង់ប៊ុលក្នុងដំណើរទស្សនកិច្ចដែលមិនប្រកាសជាមុន។

លោកស្រី Rodriguez ដែលបានដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីកងកម្លាំងអាមេរិកបានចាប់ខ្លួនអតីតប្រធានាធិបតីសង្គមនិយម លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) ក្នុងខែមករា បានមកដល់ទីក្រុងអ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា។
ការមកដល់របស់លោកស្រី ត្រូវបានប្រកាសនៅប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរដ្ឋមន្ត្រីថាមពលទួរគី លោក Alparslan Bayraktar ដែលបាននិយាយថា លោកស្រីបានមកតាមការអញ្ជើញរបស់លោក អឺដូហ្កាន់។
លោកស្រី Rodriguez និងលោក អឺដូហ្កាន់ នឹងជួបគ្នា នៅម៉ោង ៥:០០ ល្ងាច (ម៉ោង ១៤: ៣០ ម៉ោងសកល) នៅវិមាន Dolmabahce នៅលើច្រាំងនៃច្រកសមុទ្រ Bosphorus។ នេះបើយោងតាមការចុះផ្សាយរបស់ការិយាល័យប្រធានាធិបតី៕
