យោងតាមសេចក្តីការណ៍ផ្លូវការចុងក្រោយ បានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅកំពង់ផែនេសាទស្ថិតក្នុងទីក្រុង Manta ប្រទេសអេក្វាឌ័រ ធ្វើឲ្យប៉ះពាល់ដល់ទូកតូច-ធំ ចំនួន ៣៥គ្រឿង ។
ក្រុមអាជ្ញាធរនិយាយថា ទូកនេសាទ ១៤គ្រឿង និងទូកតូចៗ ២១គ្រឿង រងការខូចខាត ក្រោយអណ្តាតភ្លើងរីករាលដាលលើទូកដែលបោះយុថ្កានៅចម្ងាយប្រហែល ៨០ម៉ែត្រពីមាត់សមុទ្រ ។
ការចូលក្នុងកំពង់ផែ ត្រូវបានរឹតត្បិត ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង ហើយនិងវាយតម្លៃការខូចខាត ។ មូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញទូកកំពុងរងការឆាបឆេះ សំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ផុសពីលើកំពង់ផែ មនុស្សនាំគ្នារុញទូកចេញ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង ៕