អ៊ីរ៉ង់ និងអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ៨ មិថុនាសប្ដាហ៍នេះ ថា ពួកគេបានផ្អាកការវាយប្រហារដាក់គ្នា បន្ទាប់ពីការអំពាវនាវពីប្រធានាធិបតីអាមេរិក Donald Trump ទោះបីជាទីក្រុងតេអេរ៉ង់បានព្រមានថា ខ្លួននឹងបន្តអរិភាព ប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅលីបង់ក៏ដោយ។

ការប្រឈមដាក់គ្នាដោយផ្ទាល់បំផុតរវាងប្រទេសទាំងពីរចាប់តាំងពីខែមេសាមក បានគំរាមកំហែងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមដែលមានអាយុកាលជាងបីខែរវាងគូសត្រូវទាំងពីរ។

តម្លៃប្រេងបានកើនឡើងរហូតដល់ ៥ភាគរយ ក្រោយការវាយប្រហារដាក់គ្នាជាបន្តបន្ទាប់ បន្ទាប់មកបានធ្លាក់ចុះ នៅពេលយោធាអ៊ីរ៉ង់បាននិយាយថា រលកវាយប្រហារលើកដំបូងរបស់ខ្លួនលើអ៊ីស្រាអែលបានចប់ហើយ។ ចំណែកប្រាក់ដុល្លារបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជិតពីរខែ។ប្រភពមួយដែលបានរាយការណ៍អំពីបញ្ហានេះបាននិយាយថា អ៊ីស្រាអែលក៏បានសម្រេចចិត្តបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ផងដែរ។
ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយហៅការបាញ់ទាំងនោះថាជាការសងសឹកចំពោះការវាយប្រហារលើកងជីវពលហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅជាយក្រុងបេរូត។

បន្ទាប់មក អ៊ីស្រាអែលបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ និងរោងចក្រគីមីឥន្ធនៈមួយ ដែលខ្លួននិយាយថា ត្រូវបានប្រើដើម្បីផលិតមីស៊ីលផ្លោងបាលីស្ទីក។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់វិញ បាននិយាយថា ខ្លួនបានសងសឹកដោយការវាយប្រហារមួយទៅលើរោងចក្រស្រដៀងគ្នានេះរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងហៃហ្វា។យ៉ាងណាពុំមានរបាយការណ៍អំពីការស្លាប់ត្រូវបានបញ្ជាក់ពីក្រុមអាជ្ញាធរនៃប្រទេសទាំងពីរឡើយ ៕