ប្រធានាធិបតីប្រទេសលីបង់ លោក Joseph Aoun បានធ្វើការអំពាវនាវដោយផ្ទាល់ដ៏កម្រដល់រដ្ឋាភិបាលអ៊ីស្រាអែល និងប្រជាជនរបស់ប្រទេសនេះឱ្យមករកតុចរចាដើម្បីបញ្ចប់សង្គ្រាម ដោយព្រមាននៅក្នុងបទសម្ភាសន៍លើប្រព័ន្ធផ្សព្វផ្សាយ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ថា ដំណោះស្រាយយោធា «នឹងមិនផ្តល់ឱ្យអ្នកនូវសន្តិសុខ និងសុវត្ថិភាពឡើយ»។

លោក Aoun បាននិយាយថា «យើងត្រៀមរួចរាល់ហើយ យើងមានឆន្ទៈ យើងប្តេជ្ញាចិត្ត»។ រដ្ឋាភិបាលលីបង់ កំពុងចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដែលត្រូវបានសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានដល់ការបញ្ឈប់អរិភាពទាំងស្រុង ទោះបីជាមានការប្រឆាំងពីក្រុមប្រដាប់អាវុធហេសបូឡា ដែលកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ក៏ដោយ។
លោក Aoun បាននិយាយថា លោកនឹងមិនជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មុនពេលការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឡើយ។ លោកនិយាយថា កិច្ចព្រមព្រៀងណាមួយនឹងជាកតិកាសញ្ញាមិនឈ្លានពាន និងមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពពេញលេញ។ លោក Aoun និយាយថា «យើងត្រូវបញ្ចប់ស្ថានភាពអរិភាពរវាងលីបង់ និងអ៊ីស្រាអែល ជារៀងរហូត ហើយ កតិកាសញ្ញានេះ អាចជាមធ្យោបាយឆ្ពោះទៅមុខសម្រាប់សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង»។

លោក Aoun បានលើកឡើងថា ប្រទេសលីបង់នឹងធ្វើសកម្មភាពស្របតាមគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ឆ្នាំ ២០០២ ដែលផ្តល់នូវប្រក្រតីភាពជាមួយអ៊ីស្រាអែលនៅទូទាំងពិភពអារ៉ាប់ ជាថ្នូរនឹងភាពជារដ្ឋប៉ាឡេស្ទីន និងការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីដែលបានចូលកាន់កាប់។