រដ្ឋាភិបាលប្រទេសចំនួន១៨នៅអឺរ៉ុប ព្រមទាំងប្រទេសអូស្ត្រាលី និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយពណ៌នាអំពីច្បាប់ចុះបញ្ជីថ្មីរបស់អ៊ីស្រាអែលសម្រាប់ក្រុមជំនួយដែលធ្វើការនៅក្នុងតំបន់ហ្កាហ្សា និងតំបន់កាន់កាប់ West Bank ថាជា «ការព្រួយបារម្ភយ៉ាងខ្លាំង»។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់របស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន បានគាំទ្រការរឹតត្បិតនេះ ដែលបានមើលឃើញក្រុមជំនួយចំនួន៣៧ក្រុមត្រូវបានហាមឃាត់ដោយសារតែបដិសេធមិនផ្តល់បញ្ជីឈ្មោះបុគ្គលិកប៉ាឡេស្ទីន និងអន្តរជាតិរបស់ពួកគេទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល។

ប្រទេសទាំង២០នេះ បាននិយាយថា ច្បាប់ថ្មីនឹង «កំណត់យ៉ាងតឹងរ៉ឹង» ដល់ក្រុមជំនួយ និងកំណត់សមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងវិបត្តិ។ ប្រទេសទាំងនេះបាននិយាយថា «ជំនួយដែលចូលទៅក្នុងតំបន់ហ្កាហ្សានៅតែមិនគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ខណៈប្រជាជនស្ទើរតែទាំងអស់ពឹងផ្អែកលើសេវាសង្គ្រោះជីវិត»។ ជាថ្មីម្តងទៀតពួកយើងអំពាវនាវយ៉ាងខ្លាំងដល់អ៊ីស្រាអែល កុំឱ្យអនុវត្តច្បាប់ចុះបញ្ជីក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន។
អ៊ីស្រាអែល បានហាមឃាត់ក្រុមជំនួយរាប់សិបក្រុមដែលបដិសេធមិនគោរពតាមច្បាប់ថ្មី រួមមានអង្គការ Oxfam, Save the Children, អង្គការគ្រូពេទ្យគ្មានព្រំដែនដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ជាភាសាបារាំងMSF និងគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ។ ក្រុមជំនួយ បានលើកឡើងពីការព្រួយបារម្ភជាច្រើន រួមទាំងការសម្លាប់បុគ្គលិកមនុស្សធម៌រាប់រយនាក់ដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់ខ្លួន។