ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការនៃប្រទេសទាំងពីរមានការរីកចំរើនឡើង ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។
ឯកឧត្តម អរគុណកម្ពុជាដែលអនុញ្ញាតិ និងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅដែលចូលរួមចំនែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
ឯកឧត្តម គីស៊ីដា បានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទានក្នុងការអភិវឌ្ឍកំពង់ផែ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាជប៉ុននឹងបន្តជួយដល់កម្ពុជាក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចតេជោ បន្ថែមកម្ពុជា នឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។
សម្តេចតេជោ បញ្ជាក់ថាកម្ពុជានឹងបន្តស្វាគមន៏នាវាជើងទឹកជប៉ុនមកទស្សនកិច្ច និងចូលចតនៅកំពង់ផែរបស់កម្ពុជា។
សម្តេចតេជោ បញ្ជាក់ថាការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការជំរុញការនាំចេញផលិតផលកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេសដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។
សម្តេចតេជោ បានស្នើឲ្យទំនាក់ទំនងទ្វេភាគីពីដៃគូយុទ្ធ សាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ជប៉ុននៅពេលខាងមុខនេះ ។
ឯកឧត្តម គីស៊ីដាបានទទួលយកគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងតម្លើងទំនាក់ទំនង ទ្វេភាគីនេះផងដែរ។
ចំពោះសភាពនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុននៅតែបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលបានជំរុញលើការដោះស្រាយកិច្ចការនេះជាមួយនឹងការបន្តធ្វើការជាមួយគ្នាលើបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិនៅអ៊ុយក្រែនផងដែរ៕





