នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ថា គោលដៅចុងក្រោយនៅក្នុងការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក «ជិតឈានដល់ហើយ» ដោយបានស្នើសុំឱ្យគ្រប់ភាគីទាំងអស់ក្នុងជម្លោះអនុវត្តភាពអត់ធ្មត់។ ប្រទេសប៉ាគីស្ថាន បាននិងកំពុងសម្របសម្រួលការចរចាដោយប្រយោលភាគច្រើនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ លើកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលនឹងបញ្ឈប់ការប្រយុទ្ធ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលនឹងមានកិច្ចពិភាក្សាបន្ថែមទៀត។

ប៉ុន្តែកិច្ចព្រមព្រៀងមួយនៅតែមិនច្បាស់លាស់ ខណៈភាគីទាំងពីរនៅតែប៉ះទង្គិចគ្នាម្តងម្កាល។ ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei គឺលោក Mohsen Rezaei បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវអាស្រ័យលើការបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់ចំនួន២៤ពាន់លានដុល្លារ ដែលត្រូវបានបង្កក។ ប្រភពមួយដែលដឹងពីបញ្ហា បាននិយាយថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានដឹកនាំក្រុមមួយឱ្យវាយតម្លៃពីការខូចខាតបង្កឡើងដោយអ៊ីរ៉ង់លើសម្ព័ន្ធមិត្តឈូងសមុទ្រ និងដើម្បីពិនិត្យមើលការបង្វែរទ្រព្យសកម្មរបស់អ៊ីរ៉ង់ទៅឲ្យរដ្ឋទាំងនោះសម្រាប់ការជួសជុល។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃចន្ទថា ការបាញ់ប្រហារតគ្នានៅពេលយប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងធ្វើឱ្យដំណើរការផ្នែកការទូតដែលច្របូកច្របល់រួចហើយជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង ហើយទីក្រុងតេអេរ៉ង់កំពុងផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងបរិយាកាស «មានមន្ទិលសង្ស័យខ្លាំង»។
