អនុប្រធានាធិបតី លោក JD Vance កាលពីថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយមិនគិតពីជំហររបស់អ៊ីស្រាអែលនោះឡើយ។

ក្នុងអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Vance បាននិយាយថា៖ «ដោយសារអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែតាមពិតទៅមានរយៈពេល ១ឆ្នាំកន្លះកន្លងទៅហើយ យើងបានបង្កើតឱកាសដែលលោកប្រធានាធិបតីជឿជាក់ថា ចាំបាច់ ហើយខ្ញុំគិតថា គាត់និយាយត្រូវ ដែលថា យើងអាចសម្រេចបានការដោះស្រាយរយៈពេលវែង ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់»។
លោកបានបន្ថែមថា៖ «ឥឡូវនេះ អ៊ីស្រាអែលអាចពេញចិត្ត ហើយពួកគេក៏ប្រហែលជាមិនពេញចិត្តផងដែរ ប៉ុន្តែជាមូលដ្ឋាន យើងគិតថា នេះគឺស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់សហរដ្ឋអាមេរិក។ ដូច្នេះយើងនឹងបន្តស្វែងរកវា (កិច្ចព្រមព្រៀង) ពីព្រោះនោះជាអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើ។ នោះហើយជាអ្វីដែលយើងត្រូវធ្វើ ដើម្បីបម្រើប្រជាជនអាមេរិកឲ្យបានត្រឹមត្រូវ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះ គឺជាសញ្ញាចុងក្រោយបំផុតនៃភាពតានតឹងដែលអាចកើតមាននៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានអំពាវនាវឲ្យអ៊ីស្រាអែលកុំសងសឹក ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ជាការទាមទារដែលមិនត្រូវបានអើពើ៕
