មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រុស្ស៊ី បានរិះគន់ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចំពោះការគាំទ្រផ្នែកយោធារបស់អ៊ុយក្រែន។ មេដឹកនាំប្រទេសអឺរ៉ុបទាំងបី នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ មេដឹកនាំអឺរ៉ុបបានគាំទ្រសំណើរបស់លោក Zelenskyy សម្រាប់ការសន្ទនាដោយផ្ទាល់រវាងប្រធានាធិបតីអ៊ុយក្រែន និងសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ មេដឹកនាំអឺរ៉ុប និងលោក Zelenskyy ក៏បាន «បញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការបង្កើនការផលិតឧបករណ៍ស្ទាក់ចាប់»។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានរិះគន់មេដឹកនាំអឺរ៉ុបទាំងបីចំពោះការនិយាយអំពីសន្តិភាព ខណៈសង្កត់ធ្ងន់លើបំណងរបស់មេដឹកនាំទាំងបីក្នុងការជួយទីក្រុងគីវផលិតអាវុធប្រភេទថ្មី ដើម្បីបន្តសង្គ្រាម។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងពីសព្វាអាវុធបន្ថែមដែលនឹងត្រូវផ្តល់ដល់ប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា អាវុធទាំងនោះនឹងត្រូវប្រើប្រាស់ដើម្បីវាយប្រហារគោលដៅនានានៅលើទឹកដីរុស្ស៊ី រួមទាំងអាវុធមួយចំនួនបាញ់ចូលជ្រៅទៅក្នុងប្រទេសផងដែរ។ លោក Lavrov បានទទូចថា អ្វីៗទាំងអស់អាស្រ័យលើសកម្មភាពរបស់វីរបុរសជាតិរបស់លោកនៅសមរភូមិ ពុំមែនលើការចរចាទេ។
