កងទ័ពប៉ាគីស្ថានបាននិយាយនៅថ្ងៃអង្គារនេះថា ប៉ាគីស្ថាន និងលីបង់ បានពិភាក្សាអំពីបរិយាកាស សន្តិសុខក្នុងតំបន់ដែលកំពុងវិវត្តន៍ និងវិធីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ Rodolphe Haykal អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធលីបង់ ទៅកាន់ទីបញ្ជាការកងទ័ពនៅក្នុងទីក្រុង Rawalpindi។
ដំណើរទស្សនកិច្ចនេះ កើតឡើង ខណៈដែលប្រទេសលីបង់ នៅតែស្ថិតនៅចំកណ្តាលនៃភាពតានតឹងក្នុងតំបន់ ដែលជាប់ទាក់ទងនឹងជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ថ្មីៗនេះ។ ប៉ាគីស្ថានបានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ចប់ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅលីបង់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈដែលស្ថាប័នរដ្ឋលីបង់ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព ស្របពេលបញ្ហាប្រឈមសន្តិសុខដែលកំពុងបន្ត។

ប៉ាគីស្ថាន និងលីបង់ក៏មានទំនាក់ទំនងយូរអង្វែងតាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយកងទ័ពប៉ាគីស្ថានបានបម្រើការនៅលីបង់ក្រោមកងកម្លាំងបណ្តោះអាសន្នរបស់UN នៅលីបង់ (UNIFIL)។
កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោក Haykal បានជួបជាមួយលោកអគ្គមេបញ្ជាការ Syed Asim Munir នាយសេនាធិការកងទ័ព និងជានាយសេនាធិការការពារជាតិរបស់ប្រទេសប៉ាគីស្ថាន នៅឯទីបញ្ជាការកណ្តាលក្នុងទីក្រុង Rawalpindi នៅថ្ងៃអង្គារនេះថាក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឥស្សរជនទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក ការវិវត្តនៃបរិយាកាសសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការការពារជាតិ និងការរំពឹងទុកសម្រាប់ការបង្កើនទំនាក់ទំនងយោធាទ្វេភាគី»៕
