ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថា ការរំខានខ្សែច្រវាក់ផ្គត់ផ្គង់ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ បានបន្ថែមយ៉ាងហោចណាស់ ១១ពាន់លានដុល្លារ លើការចំណាយបន្ថែម សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំ២០២៥។
អំឡុងពេលថ្លែងក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ IATA នៅទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល អគ្គនាយក IATA លោក Willie Walsh បាននិយាយថា បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ដំណើរការយន្តហោះចាស់ៗ យូរជាងការគ្រោងទុក។

លោក Walsh បាននិយាយថា ការធ្វើបែបនេះបានបណ្តាលឲ្យមានការប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់ ការចំណាយលើថែទាំកើនឡើង និងការចំណាយលើការជួលយន្តហោះបន្ថែម។ អមដោយការបន្ថែមថា តម្លៃប្រេងឥន្ធនៈខ្ពស់ នឹងធ្វើឲ្យផលប៉ះពាល់ដល់វិស័យនេះកាន់តែអាក្រក់ទៅៗនោះ លោក Walsh បានបញ្ជាក់ថា៖ «បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ខាតបង់យ៉ាងហោចណាស់ ១១ពាន់លានដុល្លារ នៅឆ្នាំ២០២៥»។
តួលេខនេះ គឺស្មើនឹងជិតពាក់កណ្តាលនៃប្រាក់ចំណេញ ២៣ពាន់លានដុល្លារដែលត្រូវបានព្យាកររបស់ឧស្សាហកម្មនេះ សម្រាប់ឆ្នាំនេះ។ ហើយលោក Walsh បានឲ្យដឹងទៀតថា ការចំណាយភាគច្រើន អាចត្រូវបានបញ្ចៀស ប្រសិនបើក្រុមហ៊ុនផលិតយន្តហោះ និងម៉ាស៊ីន បានដោះស្រាយបញ្ហាដឹកជញ្ជូន និងផលិតកម្មប្រកបដោយប្រសិទ្ធភាពជាងមុន។ លោកបានសង្កត់ធ្ងន់ថា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្តែងការខកចិត្ត ចំពោះស្ថានភាពនេះ ដោយបន្ថែមថា ការមិនពេញចិត្តជាមួយក្រុមហ៊ុនផលិតយន្តហោះ និងម៉ាស៊ីន គឺមានកាន់តែទូលំទូលាយឡើង នៅទូទាំងឧស្សាហកម្មនេះ។
គួរបញ្ជាក់ថា វិស័យអាកាសចរណ៍បានប្រឈមនឹងការពន្យារពេលជាបន្តបន្ទាប់ ក្នុងការដឹកជញ្ជូនយន្តហោះថ្មី ពិបាករកម៉ាស៊ីនពេលត្រូវការ និងបញ្ហាផ្គត់ផ្គង់គ្រឿងបន្លាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍បន្តប្រើប្រាស់យន្តហោះដែលមិនសូវមានប្រសិទ្ធភាព ក្នុងសេវាកម្ម៕


