កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារលើមូលដ្ឋានប្រតិបត្តការនៃកងទ័ពជើងទឹករបស់ក្រុមហាម៉ាស និងឃ្លាំងអាវុធចំនួនបី នៅតំបន់ហ្កាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារមូលដ្ឋានប្រតិបត្តការនៃកងទ័ពជើងទឹករបស់ក្រុមហាម៉ាសនៅក្នុងតំបន់ Khan Yunis។ ភេរវករជាច្រើននាក់ដែលកំពុងប្រតិបត្តិការពីកន្លែងនោះ ត្រូវបានសម្លាប់ ក្នុងនោះមានលោក Ismail al-Lahham មេបញ្ជាការកងអនុសេនាធំនៅក្នុងអង្គភាពយោធារបស់ក្រុមហាម៉ាស»។
នៅពេលជាមួយគ្នានោះដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរុះរើឃ្លាំងអាវុធចំនួនបីរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប»។
យោធាអ៊ីស្រាអែលបានបន្ថែមថា៖«មុនពេលវាយប្រហារលើឃ្លាំងទាំងនោះ និងបន្ទាប់ពីការព្រមានជាមុនដែលបានចេញដល់ប្រជាជនក្នុងតំបន់ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានកំណត់អត្តសញ្ញាណយោធាហាម៉ាសជាច្រើននាក់ដែលកំពុងព្យាយាមដកអាវុធដែលរក្សាទុកនៅក្នុងឃ្លាំងទាំងនោះចេញដោយប្រើយានយន្ត។ បន្ទាប់ពីការកំណត់អត្តសញ្ញាណ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារទាំងភេរវករ និងអាវុធ។ បន្ទាប់ពីការវាយប្រហារ ការផ្ទុះលើកទី២ ត្រូវបានគេសង្កេតឃើញ ដោយបញ្ជាក់ពីវត្តមានអាវុធនៅក្នុងឃ្លាំងគោលដៅ»៕

