គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានសម្រេចអនុម័តក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ពិសេសមួយ ដែលភ្ជាប់ទៅនឹងការសន្យាវិនិយោគចំនួន ៣៥០ពាន់លានដុល្លាររបស់ប្រទេសនេះ ចំពោះសហរដ្ឋអាមេរិក ដោយបើកផ្លូវឲ្យចាប់ផ្ដើមមានការអនុវត្ត នៅចុងខែនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
សារព័ត៌មាន Yonhap News ដោយសំអាងដល់ក្រសួងហិរញ្ញវត្ថុ បានរាយការណ៍ថា ក្រឹត្យនេះកើតឡើងបន្ទាប់ពីមានច្បាប់ពិសេស ស្ដីពីការគ្រប់គ្រងការវិនិយោគយុទ្ធសាស្ត្រកូរ៉េ-អាមេរិក ដែលត្រូវបានអនុម័តដោយរដ្ឋសភា កាលពីខែមីនា និងដែលគ្រោងចូលជាធរមាននៅថ្ងៃទី១៨ ខែមិថុនា។
គួរបញ្ជាក់ថា កញ្ចប់វិនិយោគនេះត្រូវបានព្រមព្រៀងគ្នា រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន កាលពីខែតុលា ឆ្នាំមុន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយ ដែលកូរ៉េខាងត្បូងបានសន្យាថា នឹងវិនិយោគនៅសហរដ្ឋអាមេរិក ជាថ្នូរនឹងការទម្លាក់អត្រាពន្ធរបស់សហរដ្ឋអាមេរិក។
ផែនការនេះ រួមមានទឹកប្រាក់ ១៥០ពាន់លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការសាងសង់នាវា និង ២០០ពាន់លានដុល្លារ សម្រាប់គម្រោងនៅក្នុងវិស័យយុទ្ធសាស្ត្រផ្សេងទៀត។ ហើយបើយោងតាមក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ច្បាប់ ស្ដីពីការអនុវត្តនេះ បានបង្ហាញពីលក្ខណៈវិនិច្ឆ័យ ដើម្បីកំណត់ «លទ្ធភាពពាណិជ្ជកម្ម» នៃគម្រោងដែលត្រូវបានស្នើឡើង នៅសហរដ្ឋអាមេរិក៕


