ក្រុមអាជ្ញាធរឈីលី រាយការណ៍ថា គ្រឿងញៀនទម្ងន់ជាង ១០០តោនដែលក្លែងបន្លំធ្វើជាឈើ ត្រូវរឹបអូសបាននៅតាមកំពង់ផែជាច្រើនក្នុងប្រទេសមួយនេះ ហើយវាអាចជាការរឹបអូសបានគ្រឿងញៀនច្រើនបំផុតជាប់កំណត់ត្រា ។
ទីភ្នាក់ងារគយឈីលី និយាយថា ប្រតិបត្តិការនេះ គឺជាកិច្ចខិតខំរួមគ្នាដោយការិយាលរដ្ឋអាជ្ញា កងទ័ពជើងទឹក និងភ្នាក់ងារគយ ដែលរកឃើញទំនិញមានផ្ទុកគ្រឿងញៀននៅកំពង់ផែក្នុងទីក្រុង Arica, Valparaiso និងទីក្រុង San Antonio ។
យោងតាមការអះអាងរបស់រដ្ឋអាជ្ញាក្រុង Arica លោក Mario Carrera បានឲ្យដឹងថា ឈើមួយដុំមានគ្រឿងញៀនចន្លោះពី ១០ភាគរយ និង ២០ភាគរយ ដែលនេះមានន័យថា វាជាការរឹបអូសបានកូកាអ៊ីនអ៊ីដ្រូក្លរីត និងកេតាមីនប្រហែល ១០៨ តោន ។
លោកបន្តថា វាអាចជាការរឹបអូសបានគ្រឿងច្រើនបំផុត អំឡុងប្រតិបត្តិការតែមួយនៅក្នុងប្រវត្តិសាស្រ្តឈីលី ។
លោកនិយាយទៀតថា ប្រតិបត្តិការធំបំផុតកាលពីមុន បានធ្វើឡើងនៅកំពង់ផែតែមួយ ដែលស្ថិតនៅលើនាវា Nativo កាលពីឆ្នាំ ២០០១ ៕

