ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Anadolu នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺ «មិនទំនងកើតមានឡើយ» ដោយសារតែ «ស្ថានភាពស្មុគស្មាញ» ដែលកំពុងបន្តកើតមាន ជាពិសេសការរំលោភលើបទឈប់បាញ់ «ឥតឈប់ឈរ» របស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់។
ការកត់សម្គាល់នេះបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា វាអាចចំណាយពេល «២ ឬ ៣ថ្ងៃ» ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ នៅតំបន់មជ្ឈិមបូព៌ា។

នៅពេលដែលលោកកំពុងចាកចេញពីទីក្រុង New York បន្ទាប់ពីបានមើលការប្រកួតបាល់បោះ កាលពីថ្ងៃចន្ទ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគិតថា យើងជិតឈានដល់កិច្ចព្រមព្រៀងដ៏ល្អ រឹងមាំ និងមានឥទ្ធិពល»។ ហើយនៅពេលត្រូវបានសួរថា តើវានឹងចំណាយពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ លោកបានឆ្លើយថា វានឹងចំណាយពេល «២ ឬ ៣ថ្ងៃ»។
តែប្រភពព័ត៌មានដែលស្និទ្ធនឹងដំណើរការសម្របសម្រួលនេះ បាននិយាយថា៖ «(ស្ថានភាព) គឺស្មុគស្មាញ ហើយបានចូលដល់ដំណាក់កាលរសើបមួយ ពាក់ព័ន្ធនឹងការរំលោភបំពានបទឈប់បាញ់ឥតឈប់ឈររបស់អ៊ីស្រាអែល។ ដោយពិចារណាលើស្ថានភាពនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្លាមៗ គឺមិនទំនងសោះឡើយ»។
ប្រភពបានបន្ថែមថា នាពេលនេះ អាទិភាពចម្បងរបស់ប៉ាគីស្ថាន ក្នុងនាមជាអន្តរការី គឺបញ្ចប់ការរំលោភលើបទឈប់បាញ់ ហើយភាគីជម្លោះត្រូវចាប់ផ្ដើមចរចា៕
