ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ពួកគេសូមធ្វើជំទាស់ចំពោះការបន្ថែមរបស់មន្ទីរបច្ចកោណនូវក្រុមហ៊ុនបច្ចេកវិទ្យាចិនទៅក្នុងបញ្ជីក្រុមហ៊ុនដែលពួកគេជឿថា ជួយយោធារបស់ទីក្រុងប៉េកាំង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jianនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនសូមធ្វើការជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះការពង្រីកគំនិតសន្តិសុខជាតិហួសហេតុរបស់សហដ្ឋអាមេរិក និងការបង្កើតបញ្ជីរើសអើងផ្សេងៗក្រោមលេសជាច្រើន ដើម្បីគាបសង្កត់ក្រុមហ៊ុនចិនដោយគ្មានហេតុផល ហើយចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន ។
បើទោះបីជាការចុះបញ្ជីនេះ ពុំបានដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមហ៊ុនចិនយ៉ាងណាក្តី ក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងហាមឃាត់ ចាប់ផ្តើមពីពេលក្រោយក្នុងខែនេះទៅ ពីការធ្វើកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុននៅលើបញ្ជី ហើយហាមឃាត់ការទិញផលិតផល ឬសេវាកម្មរបស់ពួកគេ តាមរយៈភាគីទី ៣ ចាប់ផ្តើមនៅឆ្នាំ ២០២៧ ។
គួរឲ្យដឹងថា កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត Baidu ក្រុមហ៊ុនផលិតរថយន្ត BYD និង NIO របស់ចិន ទៅក្នុងបញ្ជី គឺជាចំណាត់ការមួយដែលអាចធ្វើឲ្យភាពតានតឹងឡើងកម្តៅខ្លាំងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ៕