គណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) បានអំពាវនាវឲ្យមានការអនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ បន្ទាប់ពីមាននូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងលីបង់ និងអ៊ីស្រាអែល។
ដោយស្វាគមន៍ចំពោះបទឈប់បាញ់ ដោយចាត់ទុកជាឱកាសថ្មី ដើម្បីបញ្ចប់ជម្លោះ អ្នកនាំពាក្យគណៈកម្មការ EU លោក Anouar El Anouni បានជំរុញឲ្យគ្រប់ភាគីទាំងអស់គោរពតាមកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ និងបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក El Anouni បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងជឿជាក់ថា អ៊ីស្រាអែល និងលីបង់ នឹងបន្តការចរចាដោយផ្ទាល់ ក្នុងស្មារតីស្ថាបនា។ តែយ៉ាងណាក្ដី ដោយពិនិត្យមើលស្ថានភាពដែលយើងមាននៅចំពោះមុខ យើងជំរុញឲ្យតួអង្គទាំងអស់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ ហើយវិធានការយោធាទាំងអស់គួរតែបញ្ឈប់ជាបន្ទាន់»។
លោក El Anouni បានបន្ថែមថា៖ «យើងក៏ទាមទារផងដែរឲ្យមានការអនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យក្រុមហេសបូឡារបស់លីបង់ដកចេញពីតំបន់ភាគខាងត្បូងនៃទន្លេ Litani និងឲ្យអ៊ីស្រាអែលដកចេញពីទឹកដីលីបង់៕