អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអេស្តូនីលោក Alar Karis នាថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា អឺរ៉ុបត្រូវការសំឡេងខ្លាំងនៅក្នុងកិច្ចប្រជុំស្វែងរកសន្តិភាព ។
លោក Zelenskiy និយាយថា ជំហានដំបូងក្នុងការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន គួរតែជាបទឈប់បាញ់ ។ លោកថា អ្នកធានានឹងដើរតួសំខាន់ ខណៈគ្មានការតាមដាន រុស្ស៊ីនឹងទទួលបានគុណសម្បត្តិ ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រុស្ស៊ីនៅមិនទាន់ត្រៀមខ្លួនរួចរាល់នោះទេ ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន លុះត្រាតែទីក្រុងគីវ ព្រមបោះបង់ចោលតំបន់ Donbas ដែលបង្កើតបានជាតំបន់ Donetsk និងតំបន់ Luhansk ។
កាលពីយប់ថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន និយាយថា លោកមាននូវការជជែកគ្នាតាមទូរស័ព្ទដ៏វិជ្ជមានជាមួយប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff និងលោក Jared Kushner ។ លោកសា្វគមន៍ឆន្ទៈរបស់ពួកគេ ដើម្បីធ្វើការយ៉ាងសកម្ម ឆ្ពោះទៅរកការដោះស្រាយសង្រ្គាម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕