យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយក្រសួងសុខាភិបាល នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនូវជំងឺ Ebola ក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានមានលើសពី ១០០នាក់ហើយ។
ក្រសួងបានឲ្យដឹងថា មនុស្ស ១០១នាក់បានបាត់បង់ជីវិតដោយសារជំងឺនេះ ចាប់តាំងពីការផ្ទុះឡើង ត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា ដោយអត្រាមរណភាពសរុបត្រូវបានប៉ាន់ប្រមាណថា មាន ១៨,៤ភាគរយ។ ជាមួយគ្នានេះ ទិន្នន័យបានបង្ហាញថា ចំនួនសរុបនៃករណីដែលត្រូវបានបញ្ជាក់ បានឡើងដល់ ៥៥០នាក់។
ការផ្ទុះឡើងនៅតែបន្តរីករាលដាល ហើយឥឡូវនេះបានប៉ះពាល់ដល់តំបន់សុខភាពចំនួន ២៥ នៅក្នុងខេត្ត Ituri, North Kivu និង South Kivu។ ហើយក្រសួងបានឲ្យដឹងទៀតថា អ្នកជំងឺចំនួន ៧នាក់ បានជាសះស្បើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនសរុបនៃការជាសះស្បើយ ឡើងដល់ ១៩នាក់។
គួរបញ្ជាក់ថា បើយោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ការផ្ទុះឡើងដែលបង្កឡើងដោយវីរុសជំងឺ Ebola ប្រភេទ Bundibugyo នៅតែមាននិន្នាការកើនឡើងជារៀងរាល់សប្តាហ៍។ ស្ថាប័ននេះបានបន្ថែមថា ការធ្លាក់ចុះបន្តិចបន្តួចថ្មីៗនេះ អាចដោយសារការពន្យារពេលការធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់មន្ទីរពិសោធន៍។
ក្រសួងបានសង្កត់ធ្ងន់ថា វិធានការតាមឃ្លាំមើល ការគ្រប់គ្រងករណី និងកិច្ចប្រឹងប្រែងលើកកម្ពស់ការយល់ដឹង សម្រាប់សហគមន៍ នៅតែបន្តមាននៅក្នុងតំបន់ដែលរងផលប៉ះពាល់៕